ក្រសួងសេដ្ឋកិច្ចព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២នេះ អាចកើនឡើងក្នុងអត្រា៥.៦%

 


ក្រសួង​សេដ្ឋកិច្ច​កាលពីព្រឹក​ថ្ងៃសុក្រទី១៨​ កុម្ភៈ​ បានព្យាករណ៍​ថា ​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ២០២២នេះ​ នឹង​ស្ទុះងើបឡើង​ក្នុង​អត្រា៥.៦%​ និងវិល​ទៅរក​កំណើន​សេដ្ឋកិច្ច​ប្រមាណ៧% ​ក្នុង​ឆ្នាំ២០២៤​ខាងមុខ។​  ការព្យាករ​កំណើន​នេះ ​ដោយផ្អែក​ថា​ កម្ពុជា​បានបើក​ដំណើរការ​សេដ្ឋកិច្ច​សង្គម​ឡើងវិញ​ អត្រាចាក់វ៉ាក់សាំង​ក៏កាន់តែខ្ពស់​ និង​ទំហំនាំចេញ​របស់​កម្ពុជា​មានការកើន​ឡើង​ជាលំដាប់​ បើទោះបី​ស្ថិត​នៅក្នុង​បរិបទ​ជំងឺកូវីដ​១៩ក៏ដោយ។

ក្នុងវេទិកាសាធារណៈ ស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ក្រសួងសេដ្ឋកិច្ចបានដាក់ក្តីរំពឹងថា ក្នុងឆ្នាំ២០២២នេះ កំណើនសេដ្ឋកិច្ចអាចកើនដល់៥.៦% ខណៈឆ្នាំ២០២១កន្លងទៅកំណើនសេដ្ឋកិច្ចកម្ពុជា សម្រេចបានចំនួន៣%។

បើតាម របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច ក្តីរំពឹងចំពោះកំណើនសេដ្ឋកិច្ចឆ្នាំ២០២២ខាងដើមនេះ គឺមានការចូលរួមចំណែកពីវិស័យជំរុញកំណើនសេដ្ឋកិច្ចសំខាន់ៗមួយចំនួនដូចជា៖ វិស័យកសិកម្ម វិស័យកាត់ដេរ វិស័យកម្មន្តសាលមិនមែនកាត់ដេរ វិស័យអចលនទ្រព្យ វិស័យសណ្ឋាគារ និងភោជនីយដ្ឋាន វិស័យសំណង់ វិស័យដឹកជញ្ចូន និងគមនាគមន៍ និងការលក់ដុំ រាយជាដើម។

បន្ថែមពីនេះ របាយការណ៍ដដែលបានបន្តថា  វិស័យកសិកម្មក្នុងឆ្នាំ២០២២ត្រូវបានដាក់ក្តីរំពឹងថា នឹងកើនឡើង១,៣% ​វិស័យកាត់ដេរព្យាករណ៍ថាកើន ៨,១% វិស័យកម្មន្តសាលមិនមែនកាត់ដេរកើនចំនួន ១២​,២ % វិស័យដឹកជញ្ចូន និងគមនាគមន៍​ចំនួន ៦,២%  វិស័យសំណង់កើនចំនួន៥,៤% វិស័យអចលនទ្រព្យកើន​ ៤, ១% វិស័យលក់ដុំ​ រាយកើនចំនួន ៥%  វិស័យសណ្ឋាគារ និងភោជនីយដ្ឋានកើនចំនួន១២% និងវិស័យផ្សេងៗទៀត កើនចំនួន ៤,៣%។

ការបន្តកើនឡើងនៃវិស័យសំខាន់ៗទាំងអស់នេះ​ ធ្វើឱ្យក្រសួងសេដ្ឋកិច្ចបន្តដាក់ក្តីសង្ឃឹមកាន់តែខ្ពស់ថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងវិលត្រឡប់ទៅរកអត្រា៧% ក្នុងឆ្នាំ២០២៤ខាងមុខ ខណៈក្នុងឆ្នាំ២០២៣ ក្រសួងសេដ្ឋកិច្ចព្យាករណ៍ថា នឹងកើនចំនួន ៦,៧%។

ដោយឡែក ពាក់ព័ន្ធនឹងការបង្កើនប្រាក់ចំណូលចូលចរន្តរដ្ឋក្នុងឆ្នាំ២០២២នេះវិញ ក្រសួងសេដ្ឋកិច្ចបានដាក់គោលដៅថា នឹងបង្កើតឱ្យបានចំនួន១៩,១៩% នៃផលិតក្នុងស្រុកសរុប និងរក្សាឱនភាពសរុបត្រឹម -៧,៣៤%នៃផលិតផលក្នុងស្រុកសរុប។

បើតាមរបាយការណ៍ខាងដលើ ដើម្បីស្តារសេដ្ឋកិច្ចកម្ពុជាក្នុងពេលចំពោះមុខ និងរយៈពេលមធ្យមឱ្យត្រឡប់ទៅរកកំណើនសក្តានុពល និងពង្រឹងភាពធន់សម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដាក់ចេញនូវអភិក្រមចំនួន៣ ដោយទី១ គឺការស្តារឡើងវិញនូវវិស័យជំរុញកំណើនសេដ្ឋកិច្ចសំខាន់ៗ ឱ្យវិលមករក្សាកំណើនឡើងវិញ ដើម្បីជំរុញបន្ថែមដល់វិស័យដែលមានសក្តានុពល។ សម្រាប់ អភិក្រមទី២ ក្រសួងសេដ្ឋកិច្ចធ្វើការកែទម្រង់នូវរចនាសម្ព័ន្ធ ដើម្បីបង្កបរិយាកាសល្អដល់ការវិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្មសម្រាប់ការវិនិយោគ និងធុរកិច្ច ក៏ដូចជាទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងមានស្រាប់។ និងចុងក្រោយ ការកសាងភាពធន់ តាមរយៈការពង្រឹងការត្រៀមខ្លួន និងការឆ្លើយតប ដើម្បីធានាបាននូវចីវភាព និងបរិយាប័ន្ននៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ក៏ដូចជា ទប់ទល់នឹងជំងឺកាចសាហាវនាពេលអនាគត។

ប៉ុន្តែយ៉ាងណា ក្រសួងសេដ្ឋកិច្ចថា សេដ្ឋកិច្ចកម្ពុជានឹងអាចប្រឈមនូវហានិភ័យ និងភាពមិនប្រាកដប្រជាមួយចំនួន ប្រសិនបើការអូសបន្លាយវិបត្តិជំងឺកូវីដ១៩នៅបន្ត ការរអាក់រអួលនៃច្រវាក់ផ្គត់ផ្គង់សកលនិងសម្ពាធអតិផរណា ភាពតានតឹងភូមិសាស្ត្រនយោបាយ ការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់បណ្តាប្រទេសអភិវឌ្ឍន៍ និងភាពមិនច្បាស់លាស់នៃប្រព័ន្ធអនុគ្រោះពន្ធ៕

 


Comments